គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ប៉េប៉េអឹម VIP ២០២៦ : ជោគជ័យរយៈពេល៣០ឆ្នាំដោយសារទំនុកចិត្តរបស់ដៃគូសហការ

កាលបរិច្ឆេទ: ០៩ កុម្ភៈ ២០២៦ / សុខភាព / Author : ATH Sokren

ដូចសព្វមួយដង នៅដើមឆ្នាំនេះ សហគ្រាសផលិតឱសថប៉េប៉េអឹមបានទទួលស្វាគមន៍ដៃគូសហការពាណិជ្ជកម្មរបស់ខ្លួនក្នុងកម្មវិធីពិសាអាហារ​ពេល​ល្ងាច « PPM VIP Appreciation Gala »​ ដែលត្រូវបានរៀបចំឡើងរយៈពេល៤ថ្ងៃ នៅតាមបណ្តាខេត្តក្រុងមួយចំនួន ដើម្បីថ្លែងអំណរគុណដល់ឱសថការី គ្លីនិកពិគ្រោះជំងឺ និងអ្នកចែកចាយឱសថ ចំពោះភក្តីភាពរបស់ពួកគេក្នុងអំឡុងពេលពេញមួយឆ្នាំកន្លងមកនេះ។ នៅរាជធានីភ្នំពេញ ក្រុង​កំពង់ចាម ក្រុង​សៀមរាប និងក្រុង​បាត់ដំបង ភ្ញៀវរាប់រយនាក់មកជួបជុំគ្នាជុំវិញតុអាហារ និងមានកម្មវិធីកម្សាន្តផ្សេងៗ រួមទាំងការចាប់ឆ្នោតផ្សងសំណាង ដែលមានរង្វាន់ចាប់ពីសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់រង្វាន់ធំគឺម៉ូតូម៉ាកហុងដា Wave និងប័ណ្ណបញ្ចុះតម្លៃសម្រាប់ផលិតផលសហគ្រាសប៉េប៉េអឹម។

ក្រៅពីពិធីជប់លៀង ព្រឹត្តិការណ៍នេះក៏ជាឱកាសមួយសម្រាប់ស្ថាបនិកសហគ្រាសលោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង បង្ហាញពីសមិទ្ធិផលក្នុងរយៈពេលបីទសវត្សរ៍មកនេះ។ លោកឧកញ៉ាឱសថបណ្ឌិតមានប្រសាសន៍យ៉ាងដូច្នេះ៖ «ដោយសារការគាំទ្ររបស់អ្នកទាំងអស់គ្នា យើងទទួលបានជោគជ័យទាំងនៅថ្នាក់ជាតិ និងនៅលើឆាកអន្តរជាតិ»។ លោកក៏មិនភ្លេចនឹងរម្លឹកផងដែរថា សហគ្រាសផលិតឱសថប៉េប៉េអឹមបានឡើងចំណាត់ថ្នាក់ពីលេខរៀងទី១៣មកលេខរៀងទី១១ក្នុងចំណោមសហគ្រាសផលិតឱសថទាំងអស់ចំនួយ៦០០នៅទ្វីបអាហ្រ្វិក។ លោកបន្តទៀតថា៖ «ជោគជ័យដែលយើងទទួលបានមិនមែនសម្រាប់តែកិច្ចការពាណិជ្ជកម្មរបស់យើងប៉ុណ្ណោះទេ អ្វីដែលសំខាន់គឺជាជោគជ័យសម្រាប់ប្រទេសជាតិទាំងមូលផងដែរ ព្រោះយើងបានកសាងកេរ្តិ៍ឈ្មោះឱ្យប្រទេសជាតិតាមរយៈផលិតផលរបស់យើង»។ លោកឧកញ៉ាឱសថបណ្ឌិតគូសបញ្ជាក់ពីមោទកភាពរបស់លោកនៅពេលដែលឃើញ«ផលិតផលខ្មែរ»ចូលរួមចំណែកដល់វិស័យសុខាភិបាលនៅបរទេស។

លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង បានផ្សារភ្ជាប់ភាពជោគជ័យនេះទៅទឹងបរិបទប្រវត្តិសាស្រ្ត ដោយរម្លឹកថា ថ្នាំពេទ្យផលិតនៅស្រុកខ្មែរទើបតែមានវត្តមានមិនយូរប៉ុន្មានឡើយ ព្រោះថាសហគ្រាសផលិតឱសថប៉េប៉េអឹមត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦ ប៉ុណ្ណោះ ពោលគឺក្នុងសម័យកាលដែលប្រទេសជាតិទើបតែងើបពីសង្រ្គាមស៊ីវិល និងសម័យកាលដែលគេ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​មក​លើកម្ពុជា​ គឺអ្វីៗត្រូវបាន​ហាមឃាត់មិនឱ្យនាំចូលមកស្រុកខ្មែរអស់រាប់ទសវត្សរ៍។ «យើងបានប្រមែប្រមូលអ្នកដែលសល់ពីស្លាប់ក្នុង​សម័យខ្មែរក្រហមដើម្បីកសាងប្រទេសឡើងវិញ» នេះជាការលើកឡើងរបស់លោកឧកញ៉ា ដោយគូសបញ្ជាក់ផងដែរពីតួនាទីរបស់សហគ្រាសផលិតឱសថប៉េប៉េអឹមក្នុងការស្តារសេដ្ឋកិច្ចប្រទេសឡើងវិញ និងការលើកតម្លៃចំណេះធ្វើនៅក្នុងស្រុក។

ចំណែកឯលោកតិច ស៊ីម៉ូ នាយក​ពាណិជ្ជកម្ម​ក្នុង​ស្រុក​​នៃសហគ្រាសផលិតឱសថប៉េប៉េអឹម បានលើកឡើងពីតួនាទីដ៏សំខាន់របស់អតិថិជននៅក្នុងដំណើរការអភិវឌ្ឍន៍នេះ។ «រយៈពេល៣០ឆ្នាំនេះមិនមែនគ្រាន់តែជាតួលេខទេ តែជា៣០ឆ្នាំនៃការជឿទុកចិត្ត ៣០ឆ្នាំនៃភាពជាដៃគូ និង៣០ឆ្នាំនៃទំនាក់ទំនងដែលបានកសាងឡើងជាមួយអតិថិជនរបស់យើង» លោកមានប្រសាសន៍បែបនេះ មុននឹងសង្ខេបអំពីគន្លឹះនៃភាពជោគជ័យរបស់សហគ្រាសផលិតឱសថប៉េប៉េអឹមថា «ជោគជ័យនៅថ្ងៃនេះបានមកក៏ដោយសារតែអ្នកទាំងអស់គ្នាដែលជាអតិថិជនរបស់យើងបានផ្តល់ទំនុកចិត្តមកលើយើងដែរ»

លោកតិច ស៊ីម៉ូ សន្យាថានឹងបន្តផ្គត់ផ្គង់ និងចែកចាយឱសថដែលមានស្តង់ដាអន្តរជាតិ និងពង្រីកផលិតផលជាច្រើនប្រភេទផ្សេងៗទៀត ដោយរក្សាតម្លៃសមរម្យដដែល។ លោកក៏បានបញ្ចប់ដោយគូសបញ្ជាក់ថា «អនាគតរបស់សហគ្រាសប៉េប៉េអឹមពឹងផ្អែកខ្លាំងទៅលើទំនាក់ទំនង» ជាមួយអតិថិជន។ ក្នុងន័យមួយដែលថានៅពីក្រោយតួលេខ និងចំណាត់ថ្នាក់ គឺជាបណ្តាញនៃទំនាក់ទំនងរយៈពេលវែងដែលបង្កើតភាពជោគជ័យ៕